CategoriesBlog

ថ្នាំបន្តក់ភ្នែក ឃ្វីន អាយ

អាការៈភ្នែកចាញ់ពន្លឺ

ភ្នែកចាញ់ពន្លឺធ្វើឱ្យយើងបើកភ្នែកព្រឹមៗ ឬបិទភ្នែកនៅពេលចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយអាចធ្វើឱ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និងឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ?

យើងអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកុំឱ្យភ្នែកយើងចាញ់ពន្លឺពេក៖

១. ពាក់វ៉ែនតាការពារពន្លឺ

វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅក្នុងពន្លឺ បង្កឲ្យមានបញ្ហានេះ។

តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំងរលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍ជាដើម មិនឱ្យចាំងចូលភ្នែករបស់យើង។

២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច

យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទដើម្បីកុំឱ្យពន្លឺចាំងភ្នែកពេក។

៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស

យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ) វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។

៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ

ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃដើម្បីការពារភ្នែកយើងពីការត្រូវពន្លឺព្រះអាទិត្យ។

៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់

ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។

៦. ញុំាបន្លែស្លឹកបៃតងចាស់

តាមការសិក្សាបានឱ្យដឹងថា បន្លែស្លឹកបៃតងចាស់ដូចជាស្ពៃពួយឡេង ខាត់ណា និងស្លឹកផ្ទី ជាដើមមានផ្ទុកសារធាតុ carotenoids, zeaxanthin, និង lutein ដែលអាចជួយកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ ជួយឱ្យភ្នែកយើងមានសុខភាពល្អ និងកាត់បន្ថយហានិភ័យកើតជំងឺភ្នែកឡើងបាយ

៧. ចៀសវាងសារធាតុបង្កអាលែកហ្ស៊ី

សារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា និងរោមសត្វជាដើមអាចធ្វើឱ្យយើងអាលែកហ្ស៊ីដែលបង្កឱ្យយើងហៀរទឹកភ្នែក រមាស់ភ្នែក និងធ្វើឱ្យភ្នែកយើងចាញ់ពន្លឺដែរ។

៨. អនុវត្តតិចនិចការពារភ្នែក ២០/២០/២០

ការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរបូករូមនឹងពន្លឺពណ៌ខៀវដែលចេញពីអេក្រង់អាចធ្វើឱ្យភ្នែកយើងងាយចាញ់ពន្លឺ ចុករួយ ស្ងួត និងហៀរទឹកភ្នែក។

យើងមិនអាចចៀសប្រើកុំព្យូទ័រ ឬទូរស័ព្ទបានទេ យើងអាចការពារភ្នែកយើងដោយអនុវត្តតិចនិច ២០/២០/២០ ដែលណែនាំដោយបណ្ឌិតសភាភ្នែកអាមេរិក (AAO) បាន។

យើងអាចអនុវត្តតិចនិចនេះដោយរាល់ពេលមើលអេក្រង់បាន ២០ នាទី យើងត្រូវសម្រាកភ្នែក ២០ វិនាទីដោយសម្លឹងមើលអ្វីផ្សេងទៀតដែលនៅចម្ងាយ ៦ម៉ែត្រ។

ដើម្បីកុំឱ្យភ្នែកចាញ់ពន្លឺ យើងក៏គួរចៀសវាងមើលចំពន្លឺដែលចាំងៗដូចជា ពន្លឺព្រះអាទិត្យ ពន្លឺភ្លើង ឬភ្លើងហ្វារថយន្ត ឬម៉ូតូជាដើមដែរ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ 

Leave a Reply

Your email address will not be published. Required fields are marked *